នឹក….

wp_20130430_001

(រូបភាពកាលនៅសម្រាកព្យាបាលនៅប្រទេសវៀតណាម ហើយគាត់មិនទាន់ដឹងថាគាត់មានជម្ងឺអីទេ)

រយៈពេលជិត ៥ឆ្នាំទៅហើយ តែអ្វីៗហាក់បីដូចជានៅថ្មីៗ នៅដក់ជាប់និងអារម្មណ៍របស់ខ្ញុំរហូត គ្មានថ្ងៃណាដែលខ្ញុំអាចបំភ្លេចបាន គឺនៅចាំគ្រប់អ្វីៗទាំងអស់ដូចជាស្នាមសាក់ជាប់និងខ្លួន។

នឹកណាស់បង នឹកបងខ្លាំងណាស់។ នឹកគ្រប់នូវពាក្យសំដី សម្លេងសើច សម្លេងស្តីបន្ទោសប្អូនៗ សម្លេងហៅក្មួយស្រីឲ្យទៅរៀន សម្លេងរករឿងកូនស្រីៗឲ្យរៀបចំម្ហូបអាហារឲ្យលោកយាយទៅវត្ត និងយកទៅជូនតា សម្លេងដាស់ហៅទៅស្រែ ។ល។ ហើយអ្វីដែលធ្វើឲ្យខ្ញុំចាំមិនភ្លេចគឺសម្លេងដែលបង និយាយខ្សាវៗ ខ្សោយៗបា្រប់ឲ្យជួយមើលថែកូនៗ ក្មួយឲ្យរៀនឲ្យបានចប់ចុងចប់ដើម មើលក្មួយឲ្យបានល្អ និងសម្លេងដែលបងប្រាប់ខ្ញុំថា “កុំទៅណាចោលបងណា អ្នកណាគេទៅណាទៅចុះតែអូនឯងកុំទៅចោលបង”។ ខ្ញុំនៅចាំមិនភ្លេច ហើយក៏គ្មានថ្ងៃបំភ្លេចបានដែរ។

បងអើយ បងដឹងអត់ឥឡូវហ្នឹងកូនស្រីភ្លោះ របស់បងពួកគេបានរៀនចប់ និងមានការងារធ្វើហើយដូចអ្វីដែល បងប្រាថ្នាចង់បានអញ្ចឹង។ ហើយពួកគេក៏មានគ្រួសាររួចហើយដែរណា។ អូ! បងហ្អា បងដឹងទេថាបងមានចៅ ប្រុសម្នាក់ហើយណា។ ចៅគួរឲ្យស្រឡាញ់ និងរួសរាយណាស់ ហើយគេមានឈ្មោះ រតនៈ។ ប្រសិនជាបងនៅមានជីវិតវិញម្លេសបងនឹង ស្រឡាញ់ចៅស្លាប់ហើយព្រោះជាចៅប្រុស ហើយបងក៏ចង់បានកូនប្រុសយូរហើយដែរ តែមិនមាន។ គេឆ្លាត រពើសបន្តិច ហើយចូលចិត្តឲ្យខ្ញុំយកគេជឹះឡានដើរលេងណាស់។ កូនស្រីទី២ របស់បងគេមានគ្រួសារហើយ ជាអ្នកកំពត។ ពួកគេស្រឡាញ់គ្នា និងមានការងារដូចគ្នាដែរ។

បងហ្អា! ឥឡូវហ្នឹងកូនស្រីទី៣ និងស្រីពៅរបស់បង ពួកគេរៀនចប់អស់ហើយ។ កូនស្រីទី៣ របស់បងគេមានការងារធ្វើនៅខាងឯកជន ហើយក៏មានចំណូលអាចចិញ្ចឹមខ្លួនគេបានដែរហើយ។ គេទទួលបានសញ្ញាប័ត្រហើយ តែខ្ញុំសូមទោសផងបង ព្រោះថ្ងៃនោះខ្ញុំមិនបានទៅចូលរួមថ្ងៃពិសេសរបស់ក្មួយ ដោយសារជាន់ថ្ងៃត្រូវប្រជុំ។ អាណិតក្មួយដែរ ដែលត្រូវទៅទទួលសញ្ញាប័ត្រតែ ៣នាក់បងប្អូន។ ចំណែកកូនស្រីពៅរបស់បងវិញ គេទើបតែនិងបញ្ចប់ទេគឺគេរៀនផ្នែកឆ្មប។

បងអើយម៉ែពុកយើងចាស់ៗអស់ហើយ គាត់មិនសូវមានសុខភាពល្អប៉ុន្មានទេ។ បងជួយថែរក្សាម៉ែពុកយើងផងណាបង។ ខ្ញុំនឹកពួកគាត់តែមិនសូវបានទៅលេងញឹកញាប់ទេ ដូចបងធ្លាប់ដឹង ស្រាប់ហើយ រវល់ការងារណាស់បង។

អូ!ភ្លេចប្រាប់បងទៅ ថាខ្ញុំបានកូនស្រីម្នាក់ហើយណាបង។ គេឆ្លាត និងរហ័សរហូនណាស់ គ្រាន់តែមិនសូវធាត់ដូចគេទេ។ បងមានថែមក្មួយស្រីម្នាក់ទៀតហើយ ហេហេ។

បងអើយ! ធ្វើយ៉ាងណាទើបបងប្អូនយើងអាចមានឱកាសជួបគ្នា និយាយគ្នាលេង សើចសប្បាយជាមួយគ្នា ម្តងទៀតទៅបង? យើងមានតែបងប្អូន ៤នាក់ ឥឡូវហ្នឹងបងទៅចោលពួកខ្ញុំទៀត។ ពួកខ្ញុំទាំង ៣នាក់នេះនឹកបងមិនធម្មតាទេ គឺនឹកខ្លាំងណាស់។

ប៉ុណ្ណឹងសិនចុះបងហ្ន៎! ខ្ញុំទៅរៀបចំប្រដាប់ប្រដាងូតទឹកឲ្យកូនសិន ចាំលើកក្រោយយើងនិយាយគ្នាលេងទៀត។ នៅមានរឿងច្រើនណាស់ដែលខ្ញុំចងនិយាយប្រាប់បង។

នឹកបងខ្លាំងណាស់បងស្រី!

 

Advertisements